ល្បែងជីវិត

Image result for The life
មនុស្សយើងកើតមកតែងតែស្លាប់ទៅវិញ​តាមកាលកំណត់របស់ព្រហ្មលិខិត។ តើព្រហ្មលិខិតគឺជាអ្វី ជាអ្នកណា? ហេតុអ្វីបានកំណត់អាយុកាលរស់របស់មនុស្ស? ហេតុអ្វីបានមិនកំណត់ឲ្យម្នាក់រស់បានអាយុ ១០០ឆ្នាំស្មើៗគ្នាទៅ? ហើយតើកាលដែលស្លាប់ទៅនោះ អាចចាប់ជាតិជាអ្វី ហើយធ្វើដូចម្តេចបានដឹងទៅ?

វាពិបាកនឹងឆ្លើយណាស់ចំពោះសំណួរដែលមានចម្លើយ​​លក្ខណៈមិន​ច្បាស់លាស់។ ដោយសារ​មនុស្សយើងពិបាក​កំណត់ថាវាជាអ្វីដែលបណ្តាលឲ្យវាមិនទៀងដូច្នេះ ទើបគេកំណត់យកពាក្យថា "ព្រហ្មលិខិត"។ ពាក្យនេះមានន័យទូលំទូលាយតែគ្រប់គ្នាអាចយល់ច្បាស់ដោយលឺពាក្យនេះ។ តាមពិតទៅគ្មានអ្នកណាជាអ្នកកំណត់​អាយុកាលរស់របស់មនុស្សម្នាក់ៗទេ ក៏ប៉ុន្តែអ្នកខ្លះស្លាប់មុន អ្នកខ្លះស្លាប់ក្រោយ ហើយប្រសិនបើការស្លាប់មិនប្រកបដោយអាយុកាលត្រូវស្លាប់ គេតែងតែនិយាយថា ព្រហ្មលិខិតកំណត់អាយុត្រឹមហ្នឹង។ ជាក់ស្តែងខ្ញុំបាន​ស្គាល់មិត្តម្នាក់ កាលអាយុ២៣ឆ្នាំគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ធំមួយ​ដែលគ្រាប់គ្នាស្លាប់អស់​ហើយសល់តែគាត់មួយ។ នេះបញ្ជាក់ថា អាយុគាត់មិនអស់ ព្រោះព្រហ្មលិខិតមិនបានកំណត់ឲ្យគាត់ស្លាប់នៅ​ពេលនោះទេ។ បីឆ្នាំក្រោយមក គាត់បែជាស្លាប់ដោយសារចោរ​ឆក់កាបូបគាត់ទៅវិញពេលគាត់ជិះម៉ូតូ​ទៅធ្វើការ។ យើងស្អប់ចោរទាំងនោះណាស់ដែលធ្វើឲ្យគាត់ស្លាប់ តែប្រហែលជាព្រហ្មលិខិតចារឲ្យគាត់ស្លាប់ទៅវិញដោយគ្រោះថ្នាក់ចរាចរណ័ហើយ។ នេះជាពាក្យលោងលោមដើម្បីកាត់បន្ថយទុក្ខសោករបស់យើង។
ធម្មជាតិ​បាន​កំណត់អាយុកាលរបស់សត្វលោករួចរាល់ហើយដោយ​មិនបានបែងចែកឲ្យមានអាយុស្មើៗគ្នានោះទេ។ ជីវិតសត្វខ្លះរស់មិនដល់មួយថ្ងៃផងក៏ស្លាប់ទៅវិញក៏មាន។ តើវាមានយុត្តិធម៌ទេ? ចម្លើយគឺត្រូវបានកំណត់រួចជាស្រេចដោយធម្មជាតិ។

ប្រសិនបើអ្នកដឹងមុនថាជាតិក្រោយនឹងក្លាយទៅជាអ្វីនោះ វានឹងងាយស្រួលសម្រាប់យើងក្នុងការសម្របខ្លួន តែវាមិនអាចទៅរួចនោះទេ សូម្បីព្រះក៏មិនដឹងដែរ។ វាពិបាកនឹងកំណត់ណាស់ តែបើតាមសាសនា វាមាននរក ឋានសួគ៌ តែបើតាមវិទ្យាសាស្ត្រដូចជាគ្មានទេ ព្រោះក្រោមដីមានតែម៉ាក់ម៉ា និង ស្នូលផែនដី ហើយនៅលើមេឃ​មានតែលំហអាកាសធំល្វឹងល្វើយ។

សរុបសេចក្តីមក មនុស្សម្នាក់ៗត្រូវបានកំណត់ជាស្រេចនូវល្បែងជីវិត ដែលបានកំណត់ដោយធម្មជាតិ ឬ ព្រហ្មលិខិត ឬក៏សំណៅមួយដែលពិបាកនឹងបកស្រាយ។ វាជាអ្វីដែលយើងមិនអាចដឹងបានទេ។

0 comments:

Post a Comment